ថ្ងៃទី១១-១២ ខែឧសភា ឆ្នាំ២០២៣, លោក សេន
សិទ្ធិថា អនុប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ តំណាងលោក
កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តកែប បានចូលរួមដំណើរទស្សនកិច្ចសិក្សាស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានក្នុងខេត្តកោះកុងនៃព្រះរាជាណាចក្រកម្ពុជា
និងខេត្តត្រាតនៃព្រះរាជាណាចក្រថៃ ដែលរៀបចំដោយអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(អ.គ.ហ)។
ដំណើរទស្សនកិច្ចនេះដឹកនាំដោយ ឯកឧត្ដម
យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (កសហវ.)
និងជាអគ្គលេខាធិការរង អ.គ.ហ. តំណាង ឯកឧត្តម
រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ
អ.គ.ហ. អមដោយឯកឧត្តម អ៊ុំ យុទ្ធី
ប្រធានផ្នែក រដ្ឋបាលហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ
មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. ព្រមទាំង មានការចូលរួមពី ឯកឧត្តម
លោកជំទាវអភិបាលរង តំណាងអភិបាលនៃគណៈអភិបាលខេត្ត លោក លោកស្រីតំណាងមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុទាំង ២៥ រាជធានី-ខេត្ត និងមន្ត្រីពាក់ព័ន្ធនៃរដ្ឋបាលខេត្តកោះកុង
និងរដ្ឋបាលខេត្តត្រាត។ គោលបំណងនៃទស្សនកិច្ចសិក្សា ដើម្បីសិក្សាស្វែងយល់ពីការគ្រប់គ្រងហិរញ្ញវត្ថុ
សាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ក្នុងខេត្តកោះកុង
នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តត្រាត នៃព្រះរាជាណាចក្រថៃ។
ឆ្លៀតក្នុងឱកាសនេះ ក្រុមការងារក៏បានពិភាក្សាអំពី៖
១).របាយការណ៍វិភាគ ភាពខ្លាំង ភាពខ្សោយ កាលានុវត្តភាព និងការគំរាមកំហែង
(SWOT)នៃខេត្តកោះកុង ដែលរៀបចំដោយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកោះកុង
ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ។
២).បង្ហាញស្ដីពីសក្កានុពលនៃការអភិវឌ្ឍខេត្តកោះកុង
ដែលរៀបចំដោយរដ្ឋបាលខេត្តកោះកុង។
៣).ធ្វើដំណើរទៅកាន់រោងចក្រចំនួន០២ គឺរោងចក្រ HANA Microelectronic
និងរោងចក្រកាត់ដេរសំលៀកបំពាក់ KNN ព្រមទាំងបានជួបពិភាក្សាជាមួយតំណាងគ្រប់គ្រងតំបន់អភិឌ្ឍន៍សេដ្ឋកិច្ចពិសេសដើម្បី
សិក្សា និងស្វែងយល់អំពីការអភិឌ្ឍ និងបញ្ហាប្រឈម ក្នុងតំបន់សេដ្ឋកិច្ចនេះ ។
៤).ធ្វើដំណើរទៅកាន់ខេត្តត្រាតនៃព្រះរាជាណាចក្រថៃ
ដើម្បីចែករំលែកអំពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់ព្រះរាជាណាចក្រកម្ពុជា។
៥).បង្ហាញស្ដីពីសក្កានុពលនៃការអភិវឌ្ឍរបស់ខេត្តត្រាត នៃព្រះរាជាណាចក្រថៃ
ដែលរៀបចំដោយរដ្ឋបាល ខេត្តត្រាត។
៦).ទស្សនាសារមន្ទីរត្រាត ស្វែងយល់ពីរបៀបរស់នៅរបស់ប្រជាជនខេត្តត្រាត
ជាមួយនឹងទីតាំងប្រវត្តិសាស្រ្ដ និងការទាក់ទាញទេសចរណ៍។
៧).ទស្សនាសាលារាជរុណ នៅស្រុកខងយ៉ៃ ស្វែងយល់ពីតំបន់ការរៀបចំ
ចងក្រងឯកសារដើម្បី រក្សាទុកជា ប្រវត្ដិសាស្ដ្រ និងការទាក់ទាញទេសចរណ៍។
៨).ទស្សនាកំពង់ផែពហុបំណង ខ្លងយ៉ៃ ដើម្បីសិក្សាស្វែងយល់អំពីគោលបំណង
និងផែនការអភិវឌ្ឍន៍ ទេសចរណ៍ផ្លូវទឹក និងទំនងទេសចរណ៍។